Thursday, May 14, 2020

យប់មិញឆេះមុខសាលាសង្កាត់បឹងទំពុន២ ផ្អើលពេញភូមិ

រាជធានីភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី ឆេះខ្សែភ្លើង ផ្ទុះបែកផ្កាភ្លើងលាន់លឺសូរផាំងៗ នៅមុខសាលាសង្កាត់បឹងទំពុនទី២ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ យកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់បាញ់ពន្លត់ កាលពីវេលាម៉ោង ២២:៥៥នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។










សមត្ថកិច្ច និងអាជ្ញាធរសង្កាត់បឹងទំពុនទី២បានប្រាប់អ្នកយកព័ត៌មានយើងដឹងថា គ្រោះអគ្គិភ័យបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីនេះ បានរលត់ទៅវិញហើយមិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ ឬរបួសនោះទេ គ្រាន់តែដាច់ខ្សែភ្លើងធ្លាក់រាយប៉ាយពេញផ្លូវ និងដាច់ចរន្តអគ្គិសនីតែប៉ុណ្ណោះ និងមិនបានប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្បែរខាងឡើយ ។

យ៉ាងណាមិញ ក្រោយពីកើតហេតុក្រុមបច្ចេកទេស អគ្គិសនីកម្ពុជា EDC ចុះមកពិនិត្យមើលកន្លែងហេតុមួយជំហ៊ានសិន ដើម្បីត្រួតពិនិត្យ និងសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ៣៦១-F2 &F7 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV)ដែលឆេះដាច់ ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាធម្មតាវិញ ។

អគ្គិសនីកម្ពុជា ក៏ធ្លាប់ជម្រាបដែលថា ករណីឆេះខ្សែលើបង្គោលអគ្គិសនីចេញពីបញ្ហាដូចខាងក្រោម៖ តាមការស្រាវជ្រាវកន្លងមករបស់អគ្គិសនីកម្ពុជា រកឃើញថា 80% គឺបណ្តាលមកពីសំណុំប្រព័ន្ធខ្សែកាបអុបទិក ខ្សែកាបទូរទស្សន៍ ខ្សែកាបទូរស័ព្ទ ដែលប្រទាក់ពីលើបង្គោលអគ្គិសនី។ នៅក្នុងខ្សែកាបផ្សេងៗ វាបញ្ជូនទិន្ន័យតាមរយៈស៊ីញ៉ាល់ ដែលមានមុខងារ ដូចទៅនឹងចរន្តអគ្គិសនី រឺដែនអេឡិចត្រូម៉ាញ៉េទិចដែរ ដូច្នេះនៅពេលដែលស៊ីញ៉ាល់កើនឡើង នៅក្នុងខ្សែកាបអុបទិក វានឹងធ្វើឲ្យខ្សែឡើងក្ដៅ បន្ទាប់មកក៏រលាយអ៊ីសូឡង់ និងបង្កើតឲ្យមានការឆ្លងចរន្តអគ្គិសនី។

កន្លងមកខាងអគ្គិសនីកម្ពុជា ក៏បានចេញសេចក្តីជូនដំណឹង ដើម្បីឲ្យក្រុមហ៊ុន ខ្សែកាបអុបទិក ខ្សែកាបទូរទស្សន៍ ខ្សែកាបទូរស័ព្ទ ទាំងអស់ រុះរើខ្សែដែលមិនប្រើប្រាស់ កាត់ចេញពីបង្គោលអគ្គិសនីផងដែរ។
សូមជម្រាបថាករណីឆេះខ្សែភ្លើងនេះ អគ្គិសនីកម្ពុជា អះអាងថា គឺបានកើតឡើងដោយយថាហេតុ ហើយមិនមែនបណ្តាលមកពីបញ្ហាបច្ចេកទេសរបស់អគ្គិសនីកម្ពុជានោះទេ គឺជាបញ្ហារបស់ក្រុមហ៊ុនខ្សែកាបទាំងអស់នោះដែលខ្វះគុណភាព និងបច្ចេកទេសបានត្រឹមត្រូវ។

ប្រភព៖​ ខ្មែរណូត https://khmernote.com.kh/news/88098

0 comments:

Post a Comment