Friday, May 15, 2020

ភោជនីយដ្ឋានណាខ្វះអនាម័យ នឹងត្រូវផ្អាកអាជីវកម្ម

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ភោជនីយដ្ឋានណាដែលខ្វះអនាម័យនឹងប្រឈមការផ្អាកអាជីវកម្មតែម្តង ដើម្បីថែរក្សាការពារសុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការចម្លងដោយមេរោគកូវីដ ១៩។


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខណ:បច្ចុប្បន្នប្រទេសកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពលំបាក ដែលបណ្តាលមកពីជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលបានណែនាំ ប្រជាពលរដ្ឋក៏ដូចជាអ្នកបើកអជីវកម្មមួយចំនួន ដែលគ្មានអនាម័យ អោយពួកគាត់កែទំលាប់នេះឡើងវិញ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា ។
សម្តេចបានបន្តថា ក្រុមការងារជំនាញនឹងចាត់ឲ្យអាជ្ញាធរមូលដ្ឋាន ពិនិត្យតាមដានមើល នៅភោជនីយដ្ឋានមួយចំនួន ប្រសិនបើពួកគាត់ខ្វះអនាម័យ ត្រូវចុះទៅប្រាប់ពួកគាត់អោយធ្វើការលក់ដូរអោយមានអនាម័យឡើងវិញ ប៉ុន្តែប្រសិនបើគាត់នៅតែមិនព្រមធ្វើ គឺយើងអាចមានសិទ្ធិអោយផ្អាកអាជីវកម្មរបស់គាត់បាន មានសេចក្តីថាបិទបណ្តោះអាសន្នដោយសារតែពួកគាត់មិនព្រមស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល នឹងក្រសួងសុខាភិបាលដែលបានដាក់ចេញ ។


សម្តេចបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តឲ្យពួកគាត់បើកអាជីវកម្មលក់ដូរជាធម្មតា ប៉ុន្តែត្រូវដើរតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាលដែលបានចេញ គឺតម្រូវឲ្យពួកគាត់ត្រូវតែមានអនាម័យក្នុងការលក់ដូរ ក៏ប៉ុន្តែបើសិនជាពិនិត្យឃើញនៅកន្លែងណាមួយដែលមានការខ្វះចន្លោះត្រូវណែនាំឲ្យអនុវត្តនូវវិធានការអំពីការការពារសុវត្ថិភាពអោយបានខ្ពស់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះ ។
សម្តេចបានបញ្ជាក់ថា ការផ្អាកនេះមិនចាំបាច់បញ្ជាពីថ្នាក់ដឹកនាំខាងលើនោះទេ គឺខេត្តនឹងរាជធានី មានសិទ្ធិធ្វើខ្លួនឯង ក្នុងការផ្អាកអជីវកម្ម ហើយការផ្អាកនេះ មានរយ:ពេល ១៥ថ្ងៃ ទៅ ១ខែ ដើម្បីឱ្យពួកគាត់ធ្វើការរៀបចំខ្លួនអោយមានអនាម័យគ្រប់គ្រាន់ ចាំបើកអាជីវកម្មឲ្យវិញ ហើយក្រុមការងារនឹងបន្តចុះតាមដានត្រួតពិនិត្យមើលបន្តទៀត ប្រសិនបើឃើញថានៅមិនទាន់មានអនាម័យគ្រប់គ្រាន់ គឺនឹងត្រូវបិទសារជាថ្មីម្ដងទៀត។



ប្រភព៖​ខ្មែរណូត

0 comments:

Post a Comment