Saturday, April 4, 2020

ប្រទេសថៃ អ្នកស្លាប់កើនឡើង និងរកឃើញករណីឆ្លងវីរុសកូវីដ ១៩ ជាបន្ត

ថៃ៖ រដ្ឋាភិបាលថៃនៅថ្ងៃសុក្រនេះបានរាយការណ៍ករណី COVID-19 ក្នុងស្រុកថ្មីចំនួន ១០៣ ករណី ដែលនាំឱ្យចំនួនសរុបកើនដល់ ១,៩៧៨ ហើយចំនួនអ្នកស្លាប់ថ្មីមាន ៤នាក់ ដែលភាគច្រើនជាមនុស្សវ័យចំណាស់ ដោយបានបង្កើនចំនួនស្លាប់សរុបដល់ ១៩នាក់។

លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់ COVID-19 របស់រដ្ឋាភិបាលបាននិយាយថា អ្នកស្លាប់ម្នាក់គឺជាបុគ្គលិក ភេទប្រុស អាយុ ៥៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនរថភ្លើងរដ្ឋថៃ ដែលមិនមានប្រវត្តិនៃជំងឺប្រចាំកាយទេ។
គាត់បានធ្លាក់ខ្លួនឈឺនៅថ្ងៃទី១៦ ខែមីនា ដោយមានគ្រុនក្តៅ។ គាត់បានស្វែងរកការព្យាបាលពីវេជ្ជបណ្ឌិតនៅថ្ងៃទី២១ ខែមីនា ហើយបានត្រឡប់មកធ្វើការវិញ។ គាត់បានធ្លាក់ខ្លួនឈឺធ្ងន់ នៅថ្ងៃទី៣១ ខែមីនា ដោយហត់នឿយ និងពិបាកដកដង្ហើម ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងបាងកក។ គាត់បានស្លាប់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ការស្លាប់ ៣នាក់ទៀត គឺមនុស្សវ័យចំណាស់ដែលមានបញ្ហាជំងឺរ៉ាំរ៉ៃមុន។ អ្នកទី១ គឺបុរសជនជាតិថៃ អាយុ ៧២ឆ្នាំ ដែលកូនរបស់គាត់បានទៅមើលកីឡាប្រដាល់នៅពហុកីឡដ្ឋាន។ គាត់មានជំងឺតំរងនោម និងធ្លាក់ខ្លួនឈឺ នៅថ្ងៃទី១៦ ខែមីនា និងបានស្លាប់នៅមន្ទីរពេទ្យក្នុងទីក្រុងបាងកកនៅថ្ងៃពុធ។
ទី២ គឺជាបុរសជនជាតិថៃ អាយុ ៨៤ឆ្នាំ ដែលបានធ្វើការនៅឯកីឡាប្រដាល់ប្រដាល់ Rajadamnern ក្នុងទីក្រុងបាងកក។ គាត់ក៏មានជំងឺតំរងនោម លើសឈាម និងជំងឺរលាកសន្លាក់ហ្គោដផងដែរ។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងបាងកកនៅថ្ងៃទី២៦ ខែមីនា ហើយបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍។
ចុងក្រោយគឺជាបុរសជនជាតិថៃម្នាក់ អាយុ ៨៤ឆ្នាំ ដែលបានទៅទស្សនានៅសង្វៀនប្រដាល់ដូចគ្នា។ គាត់បានធ្លាក់ខ្លួនឈឺនៅថ្ងៃទី១៨ ខែមីនា។ គាត់ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋមួយ ក្នុងទីក្រុងបាងកក នៅថ្ងៃទី២១ ខែមីនា ដោយមានគ្រុនក្តៅ ៣៩អង្សា មានហៀរសំបោរ និងក្អក ហើយបានស្លាប់នៅថ្ងៃព្រហស្បតិ៍។

0 comments:

Post a Comment