Monday, February 28, 2022

វិបត្តិ​អ៊ុយក្រែន ​អាច​ធ្វើ​អោយយ​កម្ពុជា​កាន់​តែ​ពិបាក​ក្នុង​ការ​ដឹកនាំ​អាស៊ាន | W88 Cambodia

 

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​លើកឡើង​ថា វិបត្តិ​អ៊ុយក្រែន (Ukraine) នឹង​រឹតតែ​ធ្វើ​ឱ្យ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន កាន់តែ​ពិបាក​ក្នុង​ការ​ដឹកនាំ​អាស៊ាន​ថែម​ទៀត​។ ការ​លើកឡើង​នេះ កើត​មានឡើង​ស្របពេល​ដែល​ប្រទេស​រុស្ស៊ី (Russia) បាន​ចាប់ផ្តើម​ឈ្លានពាន និង​បើក​ការវាយប្រហារ​យោធា​ទៅលើ​តំបន់​នានា​នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ។


ការ​បើក​ការវាយប្រហារ និង​ឈ្លានពាន​ទៅលើ​ប្រទេស​អ៊ុយក្រែន​ពី​សំណាក់​កងទ័ព​រុស្ស៊ី​នា​ពេល​នេះ​ កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​មួយ​ ដែល​ពិភពលោក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​។ បើទោះ​បីជា​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​នៅ​ឆ្ងាយ​ពី​អ៊ុយក្រែន​ជិត​ពាក់​កណ្តាល​ពិភពលោក ហើយ​អាច​ប្រើ​ពេល​ប្រមាណ ១០​ម៉ោង​តាម​ជើងហោះហើរ​ក៏ដោយ ក៏​វិបត្តិ​នេះ​ទំនងជា​ជៀស​មិន​ផុត​ពី​អាច​ជះឥទ្ធិពល​ និង​ផល​ប៉ះពាល់​អវិជ្ជមាន​តិច ឬ​ច្រើន​មក​លើ​តំបន់​នេះ​ដែរ។


អ្នកជំនាញ​កិច្ចការ​អន្តរជាតិ យល់​ថា វិបត្តិ ឬ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន​ពី​សំណាក់​ប្រទេស​រុស្ស៊ី​ ដែល​ដឹកនាំ​បុរស​ខ្លាំង​ខាង​ផ្ដាច់ការ គឺ​ប្រធានាធិបតី វ្ល៉ាឌឺមៀ ពូទីន (Vladimir Putin) នេះ នឹង​រឹតតែ​ធ្វើ​ឱ្យ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពិបាក​ក្នុង​ការ​ដឹកនាំ​អាស៊ាន​ថែមទៀត​។ ការណ៍​ដែល​ពិបាក​នេះ​គឺ​ដោយសារតែ​បញ្ហា​សន្តិសុខ​នៅ​អ៊ុយក្រែន​នេះ អាច​ធ្វើ​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​មាន​ជំហរ​ខុសៗ ​គ្នា ស្រប​ពេល​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ខ្លួនឯង​មាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយ​រុស្ស៊ី។


សាស្ត្រាចារ្យ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អភិវឌ្ឍ​សាកល​នៃ​សាកលវិទ្យាល័យ​អារីហ្សូណា ស្តេត (Arizona State University) នៅ​សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល រំពឹង​ថា បើ​ទោះ​បី​ជា​កម្ពុជា​មាន​ទំនាក់ទំនង​ល្អជា​មួយ​រុស្ស៊ី​ក៏ដោយ ក៏​រដ្ឋាភិបាល​ភ្នំពេញ​អាច​នឹង​ធ្វើ​តាម​ជំហរ​របស់​ក្រុង​ប៉េកាំង (Beijing) នៃ​ប្រទេស​ចិន​កុម្មុយនិស្ត​ជុំវិញ​បញ្ហា​វិបត្តិ​អ៊ុយក្រែន​នេះ​ ព្រោះ​កម្ពុជា​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ចិន។ លោក​ថា កម្ពុជា​អាច​នឹង​បញ្ជាក់​ជំហរ​ដូច​ចិន​ដែរ​ថា ខ្លួន​រន្ធត់ ឬ​ភ្ញាក់ផ្អើល​ដោយសារ​ការ​វាយប្រហារ​នេះ និង​ថា បូរណភាព​ដែនដី​របស់​អ៊ុយក្រែន​គួរតែ​ត្រូវ​បាន​គោរព។


ចិន​ពុំបាន​ថ្កោលទោស​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​នេះ​ទេ​។ ក៏ប៉ុន្តែ ប្រទេស​នេះ​បែរ​ជា​ទម្លាក់កំហុស​ដាក់​សហរដ្ឋអាមេរិក​ថា ជា​អ្នក​បញ្ឆេះ​ឱ្យ​មាន​សង្គ្រាម​នេះ​ទៅវិញ។

កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ក៏​នៅ​មិនទាន់​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ទង្វើ​របស់​រុស្ស៊ី​នេះ​នៅ​ឡើយ​ដែរ​។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ខ្លី​ថា កម្ពុជា​កំពុង​រៀបចំ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ក្នុងចំណោម​សមាជិក​អាស៊ាន​ដើម្បី​បញ្ជាក់​ជំហរ​ជុំវិញ​បញ្ហា​អ៊ុយក្រែន​នេះ​។ លោក​ក៏​នៅ​មិន​ទាន់​ឆ្លើយតប​នឹង​សំណួរ​វិទ្យុ​អាស៊ីសេរី​ថា​តើ​មាន​ពលរដ្ឋ សិស្ស និង​និស្សិត​កម្ពុជា​ប៉ុន្មាន​នាក់​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ថា​តើ​កម្ពុជា​មាន​គម្រោង​ជម្លៀស​ពួកគេ​ដែរ​ឬ​អត់​នោះ​ទេ។


ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃទី​២៤ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ថ្កោលទោស​រុស្ស៊ី​នោះ​ទេ​។ លោក​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សន្ទនា និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហា​រុស្ស៊ី និង​អ៊ុយក្រែននេះ​៖ «​ពិត​ហើយ​អ្វី​ដែល​យើង​ចង់​ឃើញ​គឺ​ដំណោះស្រាយ​ដោយ​សន្តិវិធី​។ នៅ​ទី​នេះ យើង​មិន​មាន​កុងសង់ស៊ីស​លើ​សេចក្តី​ថ្លែងការណ៍​ណាមួយ​របស់​អាស៊ាន​ទេ​។ ខ្ញុំ​ជាមួយនឹង​ឯកឧត្តម​នាយករដ្ឋមន្ត្រី អ៊ីស្មាអែល បាន​និយាយ​យ៉ាង​ច្បាស់​ថា អាស៊ាន​ត្រូវការ​សំឡេង​រួម​ទើប​អាស៊ាន​ខ្លាំង​។ អ៊ីចឹង​រាល់​ការ​ធ្វើ​សេចក្តី​ថ្លែងការណ៍​ណាមួយ​ចាំបាច់​ត្រូវ​មាន​កុងសង់ស៊ីស​ក្នុង​ចំណោម​អាស៊ាន។ ប៉ុន្តែ ព្រឹត្តិការណ៍​នៅ​អ៊ុយក្រែន​ជា​ការណ៍​ដែល​យើង​យក​មក​ពិភាក្សា​ក្នុង​ភាព​ស្ងាត់ស្ងៀម​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី អ៊ីស្មាអែល និង​ខ្ញុំ គឺ​បាន​យល់ស្រប​គ្នា​ថា ទាមទារ​នូវ​កិច្ច​សន្ទនា និង​ដំណោះស្រាយ​ដោយ​សន្តិវិធី»


អ្នកជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ថា​ សមាជិក​អាស៊ាន​នឹង​មាន​ជំហរ​ខ្វែងគ្នា​ជុំវិញ​បញ្ហា​អ៊ុយក្រែន​នេះ ខណៈ​វៀតណាម​អាច​ជំទាស់​នឹង​បញ្ហា​នេះ ព្រោះ​ប្រទេស​នេះ​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​របស់​អតីត​សហភាពសូវៀត​កាល​ពី​ពេល​អតីតកាល​។ យ៉ាងណា​លោក​ថា ដោយសារតែ​ឥឡូវនេះ កម្ពុជា និង​ឡាវ​ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន ដូច្នេះ​ប្រទេស​ទាំងពីរ​នេះ​ទំនងជា​នឹង​រង់ចាំ​ស្តាប់​ការណែនាំ​ការ​មួយ​ពី​ទីក្រុង​ប៉េកាំង​ជាមុន​សិន។

ក្រោយ​រុស្ស៊ី​បើក​ការវាយប្រហារ​ទៅលើ​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​មេដឹកនាំ​នៃ​ប្រទេស​លោកខាងលិច​បាន​ហៅ​អំពើ​ឈ្លានពាន​របស់​រុស្ស៊ី​ថា​ជា​អំពើ «​ឃោរឃៅ» និង​បានសម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន​ពីមុនម​ក​ទៅលើ​វិមាន​ក្រឹមឡាំង (Kremlin)​។ ក្រុម​ប្រទេស​លោកខាងលិច និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន មិន​បាន​បង្ហាញ​ចេតនា​ណាមួយ​ពី​ការ​បញ្ជូន​កងទ័ព​របស់​ប្រទេស​ពួកគេ​ទៅ​ជួយ​ប្រទេស​អ៊ុយ​ក្រែន​នោះ​ទេ ដោយសារ​ការណ៍​នេះ​អាច​នឹង​បណ្តាល​ឱ្យ​មាន​សង្គ្រាម​កាន់​តែ​ធំ​នៅ​អឺរ៉ុប។


សេចក្តី​រាយការណ៍​បឋម​គិត​ត្រឹម​យប់​ថ្ងៃទី​២៤ ខែកុម្ភៈ បើ​តាម​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ឱ្យ​ដឹង​ថា ទាហ៊ាន​អ៊ុយ​ក្រែន​ប្រមាណ​ជាង ៤០​នាក់ និង​ពលរដ្ឋ​ស៊ីវិល​យ៉ាងហោចណាស់ ១០​នាក់ បាន​ស្លាប់​ក្នុងអំឡុងពេល​រុស្ស៊ី​បើក​ការឈ្លានពាន​នេះ​។ អ៊ុយក្រែន​និយាយ​ថា កងទ័ព​រុស្ស៊ី​ប្រមាណ ៥០​នាក់​ត្រូវ​បាន​សម្លាប់ ខណៈ​យន្តហោះ​រុស្ស៊ី​ចំនួន ៦​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់ តែ​ព័ត៌មាន​នេះ​ពុំ​មាន​ការ​ផ្ទៀងផ្ទាត់​នៅឡើយ​ទេ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​អង់គ្លេស ប៊ី​ប៊ី​ស៊ី (BBC)

កម្ពុជា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​រុស្ស៊ី​តាំងពី​សម័យ​សង្គ្រាមត្រជាក់​មក​ម្ល៉េះ ដែល​ពេលនោះ​រុស្ស៊ី​នៅ​ជា​សហភាពសូវៀត​នៅឡើយ​។ គឺ​សហភាពសូវៀត​នេះ​ហើយ​ដែល​ជា​អ្នក​នៅ​ពីក្រោយ​ចាំ​ជួយឧបត្ថម្ភ​សង្គ្រាម​ឈ្លានពាន​របស់​វៀតណាម​មក​លើ​កម្ពុជា​ដើម្បី​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ដែល​មាន​ចិន​នៅ​ពីក្រោយ​។ កម្ពុជា និង​វៀតណាម​កាលនោះ​គឺជា​កូនអុក​របស់​សហភាព​សូវៀត។ ក្រោយ​ការ​ឈ្លានពាន​នេះ វៀតណាម​ដែល​បាន​លើក​បន្តុប​ក្រុម​មេដឹកនាំ​កម្ពុជា​ឱ្យ​ឡើង​កាន់​អំណាច​រហូតដល់​សព្វថ្ងៃ​នេះ បាន​ត្រួតត្រា និង​គ្រប់គ្រង​ប្រទេស​កម្ពុជា​ពេញ​មួយ​ទសវត្ស​ទី​៨០​។ បើ​កុំ​តែ​មាន​ការ​បញ្ចប់​ទៅ​នៃ​សង្គ្រាមត្រជាក់​ដោយសារ​ការ​ដួល​រលំ​ទៅ​នៃ​សហភាពសូវៀត ដែល​បើកផ្លូវ​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​កាលពី​ឆ្នាំ​១៩៩១ ​នោះ​ទេ វៀតណាម​ដែល​ជា​អតីត​ចៅហ្វាយនាយ​របស់​លោក ហ៊ុន សែន ក៏​ទំនងជា​នឹង​មិន​ងាយ​ដកទ័ព និង​បញ្ឈប់​ការត្រួតត្រា​ដោយ​ខុសច្បាប់​របស់​ខ្លួន​នៅ​កម្ពុជា​នោះ​ដែរ។

Sponsor by : | W88 Cambodia

ប្រភព ៖ https://www.rfa.org/

0 comments:

Post a Comment